រកឃើញជនអន្តោប្រវេសន៍ជនជាតិចិន១៩នាក់ ស្នាក់នៅសណ្ឋាគារមណ្ឌលគិរី

មណ្ឌលគិរី៖ យ៉ាងហោចណាស់ ជនជាតិចិន១៩នាក់ក្នុងចំណោម២២នាក់ ត្រូវរកឃើញថាពុំមានលិខិតឆ្លងដែន និងកំពុងស្នាក់នៅក្នុងសណ្ឋាគារធំមួយកណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្នុងប្រតិបត្តការដែលធ្វើឡើង កាលពីម៉ោង០៨ និង៣០នាទី ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ក្រោមការដឹកនាំផ្ទាល់ដោយ លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី កម្លាំងជំនាញអន្តោប្រវេសន៍ បានចូលរួមសហការជាមួយកម្លាំងជម្រុះរួមមាន ផែនការងារសន្តិសុខ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឌុន សុខា ស្នងការរងទទួលការងារសន្តិសុខ ។ ផែនការងារអន្តោប្រវេសន៍ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងទទួលការងារអន្តោប្រវេសន៍ ។ រួមទាំង
អធិការ អធិការរងក្រុងសែនមនោរម្យ និងមន្រ្តីប៉ុស្តិ៍នគរបាលស្ពានមានជ័យ
បានចុះត្រួតពិនិត្យ ឆែកឆេរ នៅសណ្ឋាគារ មណ្ឌលគិរី ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។

ក្រោយចុះធ្វើការ ត្រួតពិនិត្យ ឆែកឆេរ ជំនាញបានពិនិត្យឃើញ មានបន្ទប់សរុបចំនួន ៧៦បន្ទប់ ក្នុងនោះឆែកឆេរបាន ៧៤បន្ទប់ រីឯ ០២បន្ទប់ជាប់សោរពុំអាចចូលបាន ។

សមត្ថកិច្ចបញ្ជាក់ថាក្នុងចំនួន ៧៤បន្ទប់ខាងលើជំនាញបានរកឃើញ ជនជាតិចិនចំនួន ២២នាក់ ស្រី ០១នាក់ មានប្រើប្រាស់លិខិតឆ្លងដែន ចំនួន ០៣នាក់ គ្មាន ១៩នាក់ ស្រី ០១នាក់ និងសម្ភារៈមួយចំនួនដូចខាងក្រោម៖

-កុំព្រូទ័រ ចំនួន ៣៤គ្រឿង

-Laptop ចំនួន ០៦គ្រឿង

-ផ្លាស់ ចំនួន ០៩គ្រឿង

-ស៊ីមទូរស័ព្ទមិនទាន់ប្រើ (មិត្តហ្វូន ១២០) (សែលខាត ០៨) (មិនមានឡូហ្កូ ៤៤)

-ក្តារចុចកុំព្រូទ័រ ចំនួន ២៣គ្រឿង

-រ៉ូឡូភ្លើង ចំនួន ១៥គ្រឿង

-ដុំវ៉ាយហ្វាយ ចំនួន ០៧គ្រឿង

-ឆ្នាំងសាកទូរស័ព្ទ មួយចំនួនធំ

-ទូរស័ព្ទដៃ ចំនួន ១៣៥គ្រឿង (ថ្មីមិនទាន់ប្រើ ០៨គ្រឿង , កំពុងប្រើ ១២៧គ្រឿង)។

ព័ត៌មានចុងក្រោយដែលទទួលបានគឺជនអន្តោប្រវេសន៍រួមនិងសម្ភារៈ ត្រូវបញ្ជួនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីរង់ចាំបន្តនិតិវិធីផងដែរ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *