បារាំងចេញមុខរិះគន់សហរដ្ឋអាម៉េរិក ក្រោយសម្រេចចិត្តដាក់ទណ្ឌកម្មលើមន្រ្តីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC

បារាំង៖ បារាំងបាននាំមុខគេក្នុងការរិះគន់ចំៗលើសហរដ្ឋអាម៉េរិក ដែលបានសម្រេចចិត្តដាក់ទណ្ឌកម្មលើរដ្ឋអាជ្ញារបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងថា ទីក្រុងវ៉ាស៊ីនតោនបានបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើរាងកាយពិភពលោក នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ។

រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean Yves Le Drian នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា វិធានការណ៍ដែលបានប្រកាសនៅថ្ងៃទី០២ ខែកញ្ញានេះពីសំណាក់សហរដ្ឋអាម៉េរិក គឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើប្រព័ន្ធតុលាការ និងរដ្ឋហត្ថលេខីនៃសន្ធិសញ្ញាទីក្រុង Rome ក៏ដូចជាបញ្ហាប្រឈមចំពោះពហុភាគីនិយម និង ឯករាជ្យភាពនៃប្រព័ន្ធតុលាការផងដែរ ។

ប្រតិកម្មរបស់ប្រទេសបារាំងខាងលើនេះ បានកើតមានឡើងក្រោយសហរដ្ឋអាម៉េរិក តាមរយៈរដ្ឋមន្រ្តីការបរទេសរបស់ខ្លួន គឺលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃពុធនេះ បានប្រកាសដាក់ទណ្ឌកម្មលើរដ្ឋអាជ្ញារបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC លោកស្រី ហ្វាតូ បិនសួដា និងមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ជុំវិញការបន្តការស៊ើបអង្កេតលើករណីសង្ស័យដែលថា ទាហានអាម៉េរិកបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាន ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *