ចង់ល្បីម្នាក់ទៀតហើយ អួតអាងជាសមត្ថកិច្ច រួចដកកាំភ្លើងភ្ជង់គំរាមយុវជនម្នាក់ គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច

ភ្នំពេញ៖ចង់ល្បីម្នាក់ទៀតហើយ មែនទេ ? ខណៈបុរសម្នាក់ អួតអាង ថា ខ្លួនជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួនាទីជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ បានដកកាំភ្លើងភ្ជង់គំរាមយុវជនម្នាក់ គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច សោះ ។

ប្រជាពលរដ្ឋ សម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះឥរិយាបថ សមត្ថកិច្ចរូបនេះ ដែលអាងខ្លួនជាសមត្ថកិច្ច ហ៊ានដកកាំភ្លើងគំរាមប្រជាពលរដ្ឋ ខណៈពេលនេះ ស្គាល់ទាំងមុខ ស្គាល់ទាំងផ្លាកលេខឡាន សង្ឃឹមថា ថ្នាក់លើនឹងមានវិធានការ ផង ។

គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចឈានដល់ការដកកាំភ្លើងគំរាម នេះ បានកើតឡើងកាលពីវេលាម៉ោង៤៖៣០នាទី ទៀបភ្លឺ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចម្តុំផ្សារធំថ្មី ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។

បើតាមបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅកន្លែងកើតហេតុ ថា មុនដំបូងគាត់ឃើញរថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ 2AC-9367 បើកបរដោយបុរសម្នាក់ដែលមានកាំភ្លើង បានបើកឡានស្របគ្នាតាមបណ្តោយផ្លូវលេខ៧៣កៀនផ្សារធំថ្មី ហើយឃើញរថយន្តនេះ បើកកៀរម៉ូតូបណ្តាលឲ្យដួល រួចបានដកកាំភ្លើងពីចង្កេះ ថែមទាំងស្រែកគំរាម ថា «ហែងចង់យ៉ាងម៉េច» ។ អ្នកឃើញហេតុការណ៍ ដដែលបន្តថា ភ្លាមៗនោះជនរងគ្រោះបានលើកដៃសុំកុំបាញ់គាត់អី ។

ពេលនោះ ប្រជាពលរដ្ឋបានរត់មកជួយជនរងគ្រោះដែលដួលម៉ូតូ ដោយបានបាក់ដងកាំបិតនិងត្រូវត្រង់ប្រអប់ជើង បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ បន្ទាប់មក ជនបង្ក នៅតែបន្តសំញែងកាំភ្លើងនៅមុខសមត្ថកិច្ចដដែលៗ ទើបសមត្ថកិច្ចសុំដកទុកសិន ហើយជនបង្កបានប្រគល់អោយតែសំបកកាំភ្លើង ទេ ដោយមិនប្រគល់គ្រាប់អោយនោះទេ រួចបានស្រែកគំហកដាក់សមត្ថកិច្ច ថែមទៀតផង ។

ជាមួយគ្នានេះ ជនបង្ករូបនេះ បានស្រែកប្រកាសខ្លួនថា «ខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួនាទីជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ» ហើយខ្លួនបានចេញពីផឹកស៊ីមួយកន្លែង មានបំណងបើករថយន្តមកផ្ទះរបស់ខ្លួននៅជិតកន្លែងកើតហេតុ ។

ជាចុងក្រោយ គឺ ជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយ ទេ ហើយក៏មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ដែរ ដោយសុំត្រឹមតែអោយជនបង្ក សងថ្លៃព្យាបាលនៅមន្ទីរពេទ្យតែ ប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង ។

បញ្ហានេះ ប្រជាពលរដ្ឋ សម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះឥរិយាបថ សមត្ថកិច្ចរូបនេះ ដែលអាងខ្លួនជាសមត្ថកិច្ច ហ៊ានដកកាំភ្លើងគំរាមប្រជាពលរដ្ឋ ខណៈពេលនេះ ស្គាល់ទាំងមុខ ស្គាល់ទាំងផ្លាកលេខឡាន សង្ឃឹមថា ថ្នាក់លើនឹងមានវិធានការ ផង ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *