
សមត្ថកិច្ច កំពុងកំណត់មុខសញ្ញាជនសង្ស័យមួយក្រុម ដែលលួចដោះយកកងដៃនិងខ្សែកសិស្សសាលាឫស្សីកែវ (វីដេអូ)
ភ្នំពេញ៖នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៧៖១៥នាទី នៅចំណុចផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពិតជាមានករណីលួងលោមក្មេងស្រីដើម្បីដោះយកគ្រឿងអលង្កា ប្រាកដមែន ។
យោងតាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងកាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ថា ជនរងគ្រោះឈ្មោះ ម៉ៅ ម៉ាលីកា ភេទស្រី អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ មានទីលំនៅផ្ទះលេខB16 ផ្លូវបេតុង ក្រុមទី០១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់រួមមានខ្សែក ១ខ្សែមានតម្លៃ២៣០ដុល្លា និ ងកងដៃ១កងមានតម្លៃ១៧០ដុល្លា ។
តាមដំណើររឿង គឺ កុមារីដែលជាជនរងគ្រោះបានចេញទៅសាលា ពេលរៀបដើរចូលទៅថ្នាក់រៀនត្រូវបានស្រ្តីវ័យចំណាស់ម្នាក់ និង កុមារីម្នាក់ដែលមិនស្គាល់បាននិយាយល្បួងលួងលោម ឲ្យក្មេងស្រីរងគ្រោះចេញមកខាងក្រៅសាលា ហើយនិយាយបញ្ឆោតឲ្យក្មេងស្រីរងគ្រោះដោះខ្សែកនិងកងដៃដាក់ក្នុងកាបូបខ្លាចគេលួច ។
បន្ទាប់មកស្រ្តីវ័យចំណាស់និងក្មេងស្រីជាបក្ខពួកបានធ្វើសកម្មភាពដោះខ្សែកនិងកងដៃរបស់ក្មេងស្រីជនរងគ្រោះបានសម្រេច រួចឡើងជិះម៉ូតូបក្ខពួករបស់ខ្លួនជាបុរសម្នាក់ បើកគេចខ្លួនបាត់ទៅ ។
ក្រោយពេលកើតតហេតុអាណាព្យាបាលរបស់ជនរងគ្រោះបានទូរសព្ទ័មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ។ ពេលនោះសមត្ថកិច្ចបានចុះទៅដល់កន្លែង កើតហេតុភ្លាមៗ ដើ ម្បីបើកការស្រាវជ្រាវឆែកមើលរូបភាពកាមេរ៉ាសុវត្ថិភាព និង ទទួលបណ្តឹងពីអាណាព្យាបាលជនរងគ្រោះ ។ នៅពេលនេះ សមត្ថកិច្ចជំនាញកំពុងកំណត់មុខសញ្ញាក្រុមជនសង្ស័យ ហើយ ៕






