បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនបែកកង់មុខរេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើងបាក់១ដើមដួល ត្រូវអ្នកធ្វើដំណើររងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្ត Lexus LX470 ១គ្រឿងក្នុងល្បឿនលឿន ស្រាប់តែបែកកង់ខាងមុខរេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តបុកបង្គោលភ្លើង១ដើម បណ្តាឲ្យដួលរលំត្រូវអ្នកជិះម៉ូតូដំណើរតាមដងផ្លូវរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ នឹង២០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿងម៉ាក Lexus LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-8988 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបែកកង់ខាងមុខផ្នែកខាងឆ្វេង បានរេចង្កូតឡើងសួនច្បារពុះទ្រូងផ្លូវ បុកត្រូវបង្គោលភ្លើង១ដើម បណ្ដាឲ្យបាក់ដួលទៅត្រូវនិងអ្នកជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Smah ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1BB-4031 បើកបរដោយបុរសម្នាក់ដែលធ្វើដំណើក្នុងទិសដៅពីត្បូងទៅជើងបណ្ដាឲ្យដួលរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែករថយន្តបង្កររងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *